កម្មវិធីបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាន
គឺជាគំនិតផ្ដួចផ្ដើមដំបូងគេ មានគោលបំណងកសាងសមត្ថភាព និងពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាន តាមរយៈការបណ្ដុះបណ្ដាលលើមូលដ្ឋានគ្រឹះសារព័ត៌មាន សុវត្ថិភាពរាង្គកាយ និងឌីចីថល ជំនាញផលិតព័ត៌មានតាមទូរសព្ទដៃ ច្បាប់ និងក្រមសីលធម៌សម្រាប់អ្នកសារព័ត៌មានជាដើម។ ចាប់តាំងពីឆ្នាំ២០១៣មក ស៊ី.ស៊ី.អាយ.អឹម បានបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានចំនួន ៥២០នាក់នៅគ្រប់ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។ ពលរដ្ឋអ្នកសារព័ត៌មានកំពុងដើរតួនាទីជាជម្រើសថ្មីមួយ និងបំពេញបន្ថែមដល់ក្នុងការលើកកម្ពស់វិស័យសារព័ត៌មាន និងការរាយការណ៍ព័ត៌មានពិតពីសហគមន៍ដល់សាធារណជន។ តាមរយៈរបាយការណ៍ព័ត៌មានរបស់ពួកគេ ពលរដ្ឋអ្នកសារព័ត៌មានបានចូលរួមចំណែកជួយរកដំណោះស្រាយបញ្ហានានានៅសហគមន៍ ដូចជា អភិបាលកិច្ចមូលដ្ឋាន បញ្ហាព្រៃឈើ និងបរិស្ថាន សុខភាព អនាម័យ យេនឌ័រ ជម្លោះដីធ្លី និងបញ្ហាសិទ្ធមនុស្សជាដើម។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសហគមន៍
ជាមួយគ្នានេះ ពលរដ្ឋអ្នកសារព័ត៌មានបានអនុវត្តមួយជំហានថែមទៀត ដោយអនុវត្ត “គំនិតផ្តួចផ្តើមប្រព័ន្ធផ្សព្វផ្សាយសហគមន៍” ដែលគាំទ្រដោយ ស៊ី.ស៊ី.អាយ.អឹម។ ចាប់តាំងពីឆ្នាំ ២០២៤ ទំព័រហ្វេសប៊ុកសហគមន៍ និងក្រុមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសហគមន៍ (CMTs) ចំនួន១២ ត្រូវបានបង្កើតឡើងនៅខេត្តគោលដៅចំនួន ១២ ដូចជា ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប កំពង់ធំ បាត់ដំបង ពោធិ៍សាត់ ព្រះវិហារ កំពង់ឆ្នាំង កំពង់ចាម ក្រចេះ ស្ទឹងត្រែង និងត្បូងឃ្មុំ ។
ជំនាញនិទានរឿងបែបទំនើប
បន្ថែមលើសនេះ បណ្ដាញពលរដ្ឋអ្នកសារព័ត៌មានក៏បណ្តុះបណ្តាលើជំនាញនិទានរឿងបែបទំនើបសម្រាប់អ្នកសារព័ត៌មានពលរដ្ឋ អ្នកសារព័ត៌មានវ័យក្មេង យុវជនជនជាតិដើមភាគតិច និងអ្នកអនុវត្តក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ។ ការនិទានរឿងបែបទំនើបក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់អ្នកសារព័ត៌មាន ដើម្បីបង្ហាញរឿងរ៉ាវតាមវិធីសាស្ដ្រថ្មីមួយទៀតដែលគួរឱ្យចាប់អារម្មណ៍ និងភាពទាក់ទាញ បើប្រៀបធៀបនឹងសេចក្ដីរាយការណ៍តាមបែបប្រពៃណី។
គម្រោងផ្សេងៗ
តាមរយៈការគាំទ្រគម្រោងមួយចំនួនដែលមានរយៈពេលខ្លី ពលរដ្ឋអ្នកសារព័ត៌មានក៏មានឪកាសបានចូលរួមរាយការណ៍ក្នុងទម្រង់ព័ត៌មានផ្សេងទៀត ដូចជា ការផលិតអត្ថបទព័ត៌មានស៊ីជម្រៅ ព័ត៌មានបែបស្ថាបនា ទស្សនៈពលរដ្ឋ (Citizen-Oped) វិដេអូផតខាស់ និងវីដេអូអប់រំផ្សេងៗ។