ព័ត៌មានស៊ីជម្រៅ៖ ក្តីបារម្ភរបស់ពលរដ្ឋចំពោះសំណងពីគម្រោងព្រែកជីកហ្វូណនតេជោនៅតែកើតមាន
ខណៈគម្រោងព្រែកជីកហ្វូណនតេជោ កំពុងត្រូវបានជំរុញឱ្យអនុវត្តតាមផែនការដើម្បីបញ្ចប់តាមគម្រោងនៅឆ្នាំ២០២៨ខាងមុខ ក៏ប៉ុន្តែនៅមានមតិចម្រុះពីសំណាក់ប្រជាពលរដ្ឋមួយចំនួន រស់នៅតាមបណ្ដោយព្រែក ដែលរងផលប៉ះពាល់ផ្ទាល់។ ទន្ទឹមនឹងការគាំទ្រដល់ការអភិវឌ្ឍជាតិ ពលរដ្ឋខ្លះកំពុងរង់ចាំដោយក្ដីបារម្ភចំពោះយន្តការដោះស្រាយសំណង។ អ្នកស្រី សុខ រុំ ស្រ្តីមេម៉ាយវ័យ ៥៨ ឆ្នាំ បានបង្ហាញកង្វល់យ៉ាងខ្លាំងចំពោះគម្រោងសាងសង់ព្រែកជីក ដោយអ្នកស្រីបញ្ជាក់ថា ចាប់តាំងពីឮដំណឹងនេះមក អ្នកស្រីមិនដែលដេកលក់ស្រួល ឬមានសេចក្តីសុខក្នុងចិត្តនោះទេ ដោយសារបារម្ភពីការបាត់បង់ទីលំនៅឋាន ដែលធ្លាប់រស់នៅយ៉ាងសុខសាន្តក្នុងភូមិឃុំនាពេលកន្លងមក។...









